ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិទ្យាល័យ បឹងប្រីយ៍ មានរៀបចំកម្មវិធីដាំកូនឈើចំនួន ៣០០ដើម ក្នុងគោលបំណងបង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាព ក៏ដូចជាបរិស្ថាននៅក្នុងស្ថាប័នសិក្សា។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ បណ្ឌិត សៅ សុវណ្ឌី ទីប្រឹក្សាសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ
និងលោក ឆើម សេរីវឌ្ឍន៍ អភិបាលរង និងជាតំណាងលោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ សមាជិក សមាជិកាក្រុមការងារក្រសួងបរិស្ថាន, ក្រុមការងារខណ្ឌព្រែកព្នៅ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្សនៃវិទ្យាល័យ បឹងប្រីយ៍ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យចំនួន ២០នាក់ (ស្រី ១០នាក់) ផងដែរ។

សកម្មភាពដាំកូនឈើចំនួន ៣០០ដើមនាឱកាសនេះ មិនត្រឹមតែជួយបង្កើតជាម្លប់ និងខ្យល់អាកាសបរិសុទ្ធសម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបណ្ដុះស្មារតីស្រឡាញ់ និងថែរក្សាធម្មជាតិ ស្របតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ក្នុងការឆ្ពោះទៅរកភាពបៃតង និងការអភិវឌ្ឍដោយចីរភាព។

ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់បានសម្តែងនូវក្តីសោមនស្សរីករាយ និងប្ដេជ្ញាចិត្តរួមគ្នាថែរក្សាកូនឈើទាំងនោះឱ្យលូតលាស់ល្អ ដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ និងសហគមន៍ទាំងមូល៕


















