កណ្តាល៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា CCWF បានបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី « ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីព ស្តីពី សិទ្ធិការងារ និងការការពារអត្ថប្រយោជន៍កម្មករ និយោជិត នៅកន្លែងការងារ» ក្រោយអធិបតីភាព លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់នាំសហភាពសហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព រួមនិងសិក្ខាកាមសរុប ៣០នាក់ ស្ថិតនៅស្នាក់ការកណ្តាលរបស់សហភាព នៅខេត្តកណ្តាល ។
ក្នុងមតិសំណេះសំណាលជាមួយអង្គពិធីទាំងមូល លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា CCWF សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក-លោកស្រី ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាជិកសមាជិកា ភ្ញៀវកិត្តិយស រួមនិងសិក្ខាកាម ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី « ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីព ស្តីពី សិទ្ធិការងារ និងការការពារអត្ថប្រយោជន៍កម្មករ និយោជិត នៅកន្លែងការងារ» នៅព្រឹកនេះ ។
លោកប្រធានបានមានប្រសាសន៍ថា កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី១ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហជីពតាមថ្នាលឌីជីថល» រយៈពេល ២ថ្ងៃ។ លោកសង្កេតឃើញថាការយល់ដឹងជាមូលដ្ឋានត្រូវបានពង្រឹងមួយកម្រិត។ ប៉ុន្តែនៅក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចសកល ការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មនៃច្បាប់ការងារជាតិ និងបទដ្ឋានការងារអន្តរជាតិ (ILO) ដូច្នេះការពង្រឹងសមត្ថភាព សម្រាប់វគ្គបណ្តុះបណ្តាលលើកទី២ នេះមិនមែនជារឿងចៃដន្យឡើយ តែជាតម្រូវការយុទ្ធសាស្ត្រចាំបាច់បំផុត ។

លោកប្រធានសហភាពបានរំលឹកបន្ថែមថា កន្លងមក យើងឃើញថាវិវាទការងារមួយចំនួនបានកើតឡើងដោយសារ៖ ការបកស្រាយច្បាប់មិនទាន់ឯកភាពគ្នា រវាងនិយោជក និងកម្មករ។ កង្វះជំនាញក្នុងការចរចាផ្អែកលើហេតុផល និងទិន្នន័យជាក់ស្តែង។ និង កង្វះយន្តការដោះស្រាយបញ្ហាផ្ទៃក្នុងមុនពេលវិវាទរាលដាលធ្ងន់ធ្ងរ ជាដើម។
លោកប្រធានបានសង្កត់ធ្ងន់ថា សហជីពរឹងមាំ មិនមែនជាសហជីពដែលពូកែបង្កើតជម្លោះនោះទេ ប៉ុន្តែជាសហជីពដែលមានចំណេះដឹងច្បាប់ទូលំទូលាយ មានវិន័យវិជ្ជាជីវៈខ្ពស់ និងមានសមត្ថភាពចរចាស្មើមុខស្មើមាត់ជាមួយភាគីនិយោជក ដើម្បីផលប្រយោជន៍យូរអង្វែងរបស់កម្មករ និងនិរន្តរភាពនៃអាជីវកម្ម។

លោកប្រធានសហភាព ក៏បានផ្តល់អនុសាសន៍គន្លឹះចំនួន ៥ ចំណុច ជូនថ្នាក់ដឹកនាំសហជីព
ដើម្បីឱ្យការបំពេញបេសកកម្មកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់ ក្នុងនោះរួមមាន៖
១. ក្តាប់ឱ្យច្បាស់នូវទិដ្ឋភាពច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន
២. លើកកម្ពស់វប្បធម៌ «កិច្ចសន្ទនាសង្គម» និងការចរចាឈ្នះ-ឈ្នះ
៣. បង្កើនការយល់ដឹងអំពីកិច្ចព្រមព្រៀងរួម (CBA)
៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការប្រាស្រ័យទាក់ទងជាមួយសមាជិក
៥. ការពារសុវត្ថិភាព និងសុខភាពការងារ (OSH) និងកិច្ចគាំពារសង្គម
លោកប្រធាន ក៏បានក្រើនរំលឹកជាសារដាស់តឿនដល់សិក្ខាកាមទាំងអស់ដែរថា រយៈពេលនៃការទទួលការបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដូច្នេះសូមសិក្ខាកាមទាំងអស់ ចូលរួមត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រានូវចំណុចគន្លឹះសំខាន់ៗ និងជាពិសេសសូមកុំស្ទាក់ស្ទើរក្នុងការលើកឡើងនូវបញ្ហាប្រឈមជាក់ស្តែងដែលបងប្អូនជួបប្រទះនៅតាមរោងចក្រ សហគ្រាស មកជជែកដេញដោលជាមួយគ្រូឧទ្ទេស។ ហើយក្រោយបញ្ចប់វគ្គនេះ សូមកុំទុកចំណេះដឹងនៅលើក្រដាស តែត្រូវនាំយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្ត និងអនុវត្តជាក់ស្តែងដើម្បីបម្រើបងប្អូនកម្មកររបស់យើង។
ជាទីបញ្ចប់ ក្នុងនាមជាប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោកសូមថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំសហព័ន្ធសហជីព, តំណាងថ្នាក់ដឹកនាំសហជីព និងសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី២ នេះ និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូឧទ្ទេស និងក្រុមការងាររៀបចំកម្មវិធីទាំងអស់ ដែលបានខិតខំប្រឹងប្រែងឱ្យវគ្គបណ្តុះបណ្តាលនេះលេចជារូបរាងឡើងជាបន្តបន្ទាប់។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើកទី២នេះ គឺបានរៀបចំរយៈពេល ៥ខែ គឺចាប់ពីខែសីហា រហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយមានកាលវិភាគ និងប្រធានបទច្បាស់លាស់រួមមានដូចជា៖ តួនាទី និងសមត្ថភាពថ្នាក់ដឹកនាំសហជីពក្នុងការដោះស្រាយបញ្ហានៅកន្លែងការងារ។ កិច្ចសន្យាការងារ និងសិទ្ធិ-កាតព្វកិច្ចរបស់កម្មករ។ ប្រាក់ឈ្នួល អត្ថប្រយោជន៍ និងសិទ្ធិរបស់កម្មករនៅកន្លែងការងារ។ ប.ស.ស. និងការការពារសន្តិសុខសង្គមសម្រាប់កម្មករ ។ និងជំនាញចរចា ការដោះស្រាយវិវាទ និងការកសាងសហជីពឱ្យរឹងមាំ ជាដើម។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផងដែរ ៕












