កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ លោក វេត វី និងក្រុមការងារសហជីពមូលដ្ឋាននៃក្រុមហ៊ុន ខាយ ណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តំណាងឱ្យ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនបងប្អូនកម្មកររងគ្រោះ និងក្រុមគ្រួសារសព ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងខេត្តកំពង់ឆ្នាំង ទៅលើរថយន្តដឹកកម្មករ បណ្តាលឱ្យកម្មករចំនួន ៩ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមកម្មកររងគ្រោះសរុបចំនួន ៥៣នាក់ ។ នៅក្នុងឱកាសនោះ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់សហជីពទៅចែកជូនដល់បងប្អូនកម្មកររងគ្រោះដែលជាសមាជិកសហជីពមូលដ្ឋាន ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២០,០០០ រៀល សរុប ៣៦០,០០០ រៀល ។
ឆ្លៀតក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ លោក វេត វី ព្រមទាំងក្រុមការងារ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ លោក លី វិចិត្រ សូមជូនពរដល់បងប្អូនកម្មករដែលកំពុងរងរបួសទាំងអស់ ឱ្យបានឆាប់ជាសះស្បើយ ដើម្បីបានត្រឡប់មកជួបជុំក្រុមគ្រួសារ និងបន្តការងារឡើងវិញ៕


