(ភ្នំពេញ)៖ នៅឆ្នាំ២០២៧ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី ២៣១,៥ ដុល្លារ ក្នុងម្នាក់ ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ ដុល្លារ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារ និងប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៩,៥ដុល្លារ ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បងប្អូនកម្មករនឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី ២៣១,៥ ដុល្លារ ដល់២៤២,៥ ដុល្លារ ក្នុងមួយខែ ដោយមិនទាន់រាប់បញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងទៀត ដូចជា ប្រាក់ថ្លៃអាហារចំនួន ២ ០០០រៀល ពេលធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់ឧបត្ថម្ភជំនាញដែលនឹងទទួលបានជារៀងរាល់ខែ ចាប់ពីឆ្នាំទី២ ទៅផងដែរ។
បន្ថែមពីនេះ បងប្អូនកម្មករនិយោជិតដែលមានអតីតភាពការងារលើសពី១ឆ្នាំ ក៏ទទួលបានប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ដុល្លារ ដល់១១ដុល្លារ ក្នុងមួយខែ អាស្រ័យលើរយៈពេលបម្រើការងារ។ បើគិតបញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោងទៀតនោះ ជាមធ្យម បងប្អូនកម្មករនឹងទទួលបានចំណូលជាង ៣០០ដុល្លារក្នុងម្នាក់ ក្នុងមួយខែ។
គួររំឭកថា ប្រាក់ឈ្នួលអប្បបរមាចំនួន២១២ដុល្លារ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។
តួលេខនេះត្រូវបានកំណត់ក្រោយកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងការសម្រេចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមចំនួន២ដុល្លារ លើតួលេខ ២១០ដុល្លារ ដែលទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោត ៕










