ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រចាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨»។
ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សោម អូន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ស.ស.យ.ក និងជាប្រធានកិត្តិយសសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងសមាជិកក្រុមប្រឹក្សាភិបាល ដែលជាថ្នាក់ដឹកនាំសហភាព និងសហព័ន្ធសហជីពនៅកម្ពុជា សរុបចំនួន ១១២រូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សោម អូន បានគូសបញ្ជាក់អំពីខ្លឹមសារស្នូល និងសារៈសំខាន់នៃ «ផែនទីបង្ហាញផ្លូវ ស.ស.យ.ក ២.០ ឆ្ពោះទៅឆ្នាំ២០២៨» ដែលជាត្រីវិស័យយុទ្ធសាស្ត្រដ៏មុតស្រួច សម្រាប់តម្រង់ទិសសកម្មភាពយុវជនក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃសង្គម និងបច្ចេកវិទ្យា។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសហភាព និងសហព័ន្ធសហជីពទាំងអស់ ដែលជានិច្ចកាលតែងតែសហការយ៉ាងជិតស្និទ្ធ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មបម្រើយុវជន កម្មករនិយោជិត និងសង្គមជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានកិត្តិយស បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង អភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ និងយកខ្លឹមសារនៃផែនទីបង្ហាញផ្លូវនេះ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយដល់សមាជិក-សមាជិកា ព្រមទាំងយុវជននៅតាមបណ្តារោងចក្រ សហគ្រាស និងមូលដ្ឋានរបស់ខ្លួន។ សកម្មភាពនេះមានគោលដៅប្រែក្លាយផែនការយុទ្ធសាស្ត្រឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
ពិធីផ្សព្វផ្សាយនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល ស្វាហាប់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសមាជិកអង្គពិធីទាំងអស់បានប្តេជ្ញាចិត្តរួមគ្នាអនុវត្តតាមផែនទីបង្ហាញផ្លូវ ស.ស.យ.ក ២.០ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាឆ្ពោះទៅឆ្នាំ២០២៨។



















