(កំពង់ចាម) ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់ការណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ឱ្យរួបរួមគ្នាបង្កើតជា "ស្លាកសញ្ញាសម្គាល់ផលិតផល" ឱ្យបានច្បាស់លាស់។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានចុះជួបសំណេះសំណាល និងពិនិត្យមើលសហគមន៍មួយកន្លែងនៅឃុំរក្សត្នោត ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសាដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតឡូហ្គោ (Logo) និងស្លាកសញ្ញាសម្គាល់ដែលបញ្ជាក់ពីប្រភពដើម "ទុរេនស្ទឹងត្រង់"។ ណែនាំឱ្យមានការប្រើប្រាស់ ស្លាក QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ត្រូវប្រកាន់ខ្ជាប់នូវការដាំដុះតាមគោលការណ៍កសិកម្មដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។
នាឱកាសនោះដែរ បងប្អូនកសិករនៅក្នុងសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍នេះ ហើយសន្យានឹងខិតខំរៀបចំរចនាសម្ព័ន្ធសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីប្រែក្លាយទុរេនស្ទឹងត្រង់ ឱ្យក្លាយជាម៉ាកសញ្ញាកសិកម្មដ៏លេចធ្លោមួយប្រចាំខេត្តកំពង់ចាម៕





