កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ និង វិនិយោគិនអន្តរជាតិ ដែលចូលមកក្នុងគោលបំណងទេសចរ និងធុរកិច្ចយ៉ាងពិតប្រាកដ
Roth - ២៧ ឧសភា ២០២៦
image

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូចិន​ដឹក​នាំដោយ​​លោកស្រី Sun Guizhen ប្រធានសមាគម និងជាអគ្គលេខាធិការនៃសមាគមសេវាដឹកជញ្ជូនចិន ដែល​មក​ចូល​រួម​ក្នុង​ជំនួប​ផ្លាស់​ប្តូរពាណិជ្ជ​កម្ម​ទេសចរណ៍​កម្ពុជា​ឆ្នាំ​២០២៦ (CTM 2026 Mini-Series)។ 

ជំនួប​ពិភាក្សា​ការងារនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះមានការអញ្ជើញចូលរួមពីថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍,ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍ ,ឧកញ៉ា ហ៊ី សុធា ប្រធាន​ថ្នាក់​ជាតិ​សមាគមសណ្ឋាគារកម្ពុជា, លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍​អាស៊ី​ប៉ាហ្វិកប្រចាំកម្ពុជា​, លោក Jean Claude Dhez ប្រធាន​សមាគមស្ប៉ា និង​សុខមាលភាព​កម្ពុជា និង​លោក លោកស្រី គណៈប្រតិភូនៃបណ្តាក្រុមហ៊ុន១៧ មកពីសាធារណរដ្ឋប្រជាមានិត សរុបប្រមាណ ៤០នាក់។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ស្តីពី Pilot Project Free Visa តាមរយៈយុទ្ធនាការរយៈពេល ៤ខែនេះ កម្ពុជា រំពឹងទុក អាចទាក់ទាញភ្ញៀវទេសចរចិនបន្ថែម ឱ្យបានចំនួនយ៉ាងហោចណាស់ ៥០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល និង វិស័យឯកជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលភ្ញៀវចិន ក្នុងអំឡុងពេលសាកល្បង ៤ ខែនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ឯកឧត្តមរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅរដ្ឋធានីប៉េកាំង នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ដើម្បីរៀបចំកម្មវិធីប្រកាសជាផ្លូវការនៃការអនុវត្ត Pilot Project​ Free Visa នេះ ពោលគឺឯកឧត្តមរដ្ឋមន្ត្រី នឹងស្វាគមន៍ការផ្សព្វផ្សាយរួមគ្នាបន្ថែមទៀតរវាងវិស័យឯកជន ចិន និងកម្ពុជាផងដែរ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ត្រៀមដាក់ដំណើរការនូវ smart gate នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និង សៀមរាប ដើម្បីទទួលភ្ញៀវចិន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសុវត្ថិភាព សន្តិសុខ និងគុណភាពសេវាកម្មទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តមោះមុតក្នុងការប្រយុទ្ធប្រឆាំងនឹង online Scam ៖ zero scam online policy, មានច្បាប់ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និងដាក់ចេញវិធានការក្តៅបង្ក្រាប online scam នៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមចំពោះគុណភាពសេវាកម្មទេសចរណ៍ កម្ពុជានឹងរៀបចំ យន្តការ China Ready៖ ក្រសួង​ទេសចរណ៍  បាន​ចុះ​វាយ​តម្លៃលើអាជីវកម្មទេសចរណ៍ ផ្តល់វិញ្ញាបនបត្រ China Ready ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន និងភ្ញៀវចិនអាចទទួលបាន​សេវា​កម្ម​ប្រកបដោយភាពទុកចិត្ត​ផងដែរ។

គូស​បញ្ជាក់​ផង​ដែរថា ​ជំនួបពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏រឹងមាំរវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (ជាអ្នករៀបចំកម្មវិធី / Lead Organizer)។CTM 2026 Mini-Series ជាយុទ្ធនាការទីផ្សារគោលដៅជាយុទ្ធសាស្ត្រ ពេញមួយឆ្នាំ ក្រោមប្រធានបទ “កម្ពុជាទៅកាន់ពិភពលោក (Cambodia to the World)” ជាការធ្វើទីផ្សារបន្តបន្ទាប់គ្នា ជាវេទិកាស្រូបទាញ ភ្ញៀវទេសចរ កំណត់យកទីតាំងកម្ពុជាជាគោលដៅប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារទេសចរណ៍ពិភពលោក។​ ព្រឹត្តិការណ៍ CTM 2026 Mini-Series នឹងដំណើរការជារៀងរាល់ខែដោយមានកម្មវិធីពាណិជ្ជកម្មទេសចរណ៍យ៉ាងពិសេស រួមបញ្ចូលនូវការរំលេចគោលដៅ និងកិច្ចសហការលើគ្រប់វិស័យពេញមួយឆ្នាំ។ នៅក្នុងកម្មវិធីទាំងនេះ មានការធ្វើទំនាក់ទំនងគ្នាដោយផ្ទាល់រវាងអ្នកទិញអន្តរជាតិ (buyers) ជាមួយអ្នកផ្គត់ផ្គង់ កម្ពុជា (suppliers/sellers។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣