គណៈកម្មការលើកទឹកចិត្ត និង ជំរុញផលិតកម្មអំបិល ពិភាក្សាលើការស្នើគម្រោងបង្កើតរោងចក្រផលិតអំបិល និង ការសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា
Roth - ២៧ ឧសភា ២០២៦
image

នាព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការលើកទឹកចិត្ត និង ជំរុញផលិតកម្មអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើគម្រោងបង្កើតរោងចក្រផលិតអំបិល និង ការសិក្សាសក្តានុពលផលិត និងប្រើប្រាស់អំបិលនៅកម្ពុជា របស់ក្រុមហ៊ុន ចេនឡា ហ្វ៊ូដ អិចប្រេស ឯ.ក (CHENLA FOOD EXPRESS CO., LTD.) ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការអភិរក្ស និង ការអភិវឌ្ឍដីស្រែអំបិល នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, លេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន និង តំណាងក្រុមហ៊ុន ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់ អំពីទស្សនៈគម្រោង, សក្តានុពលផលិតកម្ម, ការកែច្នៃ និងការប្រើប្រាស់អំបិលក្នុងស្រុក, ក៏ដូចជាការពិនិត្យលទ្ធភាពនៃការចូលរួមរបស់វិស័យឯកជន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យអំបិលកម្ពុជា ។ 

អង្គប្រជុំ បានផ្លាស់ប្តូរយោបល់លើទិដ្ឋភាពគោលនយោបាយ, បច្ចេកទេស, ហិរញ្ញវត្ថុ និងការសម្របសម្រួលពាក់ព័ន្ធ ដើម្បីធានាថា គម្រោងនេះអាចអនុវត្តទៅមុខបាន និងស្របតាមនីតិវិធីជាធរមាន ដោយឆ្លើយតបទៅនឹងផលប្រយោជន៍សង្គម-សេដ្ឋកិច្ចជាតិ ។

ក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពទូទៅនៃវិស័យអំបិលកម្ពុជា ដែលជាវិស័យមានសារៈសំខាន់ចំពោះជីវភាពប្រចាំថ្ងៃ កសិកម្ម ឧស្សាហកម្ម សន្តិសុខស្បៀង និងសុខភាពសាធារណៈ ។ វិស័យនេះ ក៏នៅមានចំណុចដែលត្រូវបន្តពង្រឹងបន្ថែម ដូចជា ការធ្វើទំនើបកម្មបច្ចេកទេសផលិត, ការលើកកម្ពស់គុណភាព និង ស្តង់ដារ, ការរៀបចំឃ្លាំងស្តុក, ការគាំទ្រផលិតករ និង សហគមន៍អំបិល, ជាពិសេស ការប្រើប្រាស់ដីស្រែអំបិល ឱ្យមានប្រសិទ្ធភាព និង ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតកម្មអំបិលក្នុងស្រុក ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យអំបិល គួរត្រូវបានស្វាគមន៍ ប្រសិនបើគម្រោងមានភាពច្បាស់លាស់ អាចអនុវត្តបានជាក់ស្តែង និង ចូលរួមដោះស្រាយតម្រូវការរបស់វិស័យមួយនេះ ។ ជាមួយគ្នានេះ, ការពិចារណាលើការស្នើសុំវិនិយោគ និង ការលើកទឹកចិត្តណាមួយ ត្រូវផ្អែកលើក្របខណ្ឌច្បាប់ និង គោលនយោបាយជាធរមាន, ភាពច្បាស់លាស់នៃប្រភពទុន, សមត្ថភាពបច្ចេកទេស, ផលប៉ះពាល់បរិស្ថាន-សង្គម, ការចូលរួមជាមួយផលិតករអំបិលក្នុងស្រុក និង ផលប្រយោជន៍សាធារណៈ ។

ជាលទ្ធផល, អង្គប្រជុំ បានផ្តល់ជាមតិយោបល់ និង ធាតុចូលល្អៗ ដើម្បីឱ្យក្រុមហ៊ុនអាចបន្តសិក្សា និង រៀបចំការស្នើសុំឱ្យបានលម្អិតបន្ថែម រួមមាន ផែនការវិនិយោគ, គំរូអាជីវកម្ម, ប្រភពទុន, បច្ចេកវិទ្យាផលិត និងកែច្នៃ, ផែនការសហការជាមួយកសិករ និង សហគមន៍អំបិល, ការវាយតម្លៃផលប៉ះពាល់បរិស្ថាន-សង្គម និង ចំណុចស្នើសុំការលើកទឹកចិត្តដែលក្រុមហ៊ុនចង់បាន ដើម្បីឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចពិនិត្យបន្តតាមនីតិវិធីជាធរមាន និង ស្របតាមអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្នុងការជំរុញការអភិវឌ្ឍវិស័យអំបិល ឱ្យមានភាពប្រទាក់ក្រឡា និង មានចីរភាព ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣