ក្រុងព្រះសីហនុ៖ បង្ក្រាបទីតាំងផ្ទះវីឡាលួចលាក់ធ្វើអាជីវកម្ម Scam Online ឃាត់ខ្លួនជនបរទេស ៨៣នាក់
Roth - ២៥ ឧសភា ២០២៦
image

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះវីឡាមួយកន្លែង ដែលសង្ស័យថាមានការលួចលាក់ដំណើរការអាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៨៣នាក់ និងដកហូតសម្ភារវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងផ្ទះវីឡាមួយកន្លែង ក្នុងភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចុះអនុវត្តវិធានការច្បាប់នេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។

ជាលទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារ ព្រមទាំងឧបករណ៍អេឡិចត្រូនិចមួយចំនួនធំ ដែលជាឧបករណ៍សង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពបទល្មើសបច្ចេកវិទ្យា។ ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសចំនួន ៨៣នាក់ (ក្នុងនោះមានស្រី ២២នាក់)។

បច្ចុប្បន្ន ជនបរទេសទាំង ៨៣នាក់ រួមទាំងម្ចាស់ទីតាំងដែលជាជនជាតិខ្មែរ និងសម្ភារវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣